សម្តេចប្រកាសថា ការទិញលំនៅដ្ឋានមានតម្លៃក្រោម ៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រា… | Khemramc News

443

ភ្នំពេញ ៖ សម្តេច ហ៊ុន សែនសម្រេចលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញលំនៅដ្ឋានទាំងឡាយណាដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ ក្នុងរយៈពេលពេញមួយឆ្នាំ ដែលជាកាចូលរួមសហការរបស់រាជរដ្ឋាភិបាលជាមួយនឹងបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនអភវិឌ្ឍន៍លំនៅដ្ឋានទាំងអស់ជួយបញ្ចុះតម្លៃលំនៅដ្ឋានឱ្យទាបទៅតាមលទ្ធភាពដែលអាចធ្វើបាន។

នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិខ្មែរពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “អ្នកមានលុយគួរតែទៅទិញទៅ ព្រោះអាផ្ទះតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះក្រោម អត់ជាប់ពន្ធប្រថាប់ត្រានោះទេ។ ឥឡូវនេះមានផ្ទះតម្លៃសមរម្យលក់ឱ្យមន្ត្រីរាជការមិនអស់ ឥឡូវត្រូវបើកលក់ឱ្យប្រជាជនថែមទៀត។ មានផ្ទះដែលមានតម្លៃ ១០ម៉ឺនឡើងលើ ២០-៣០ម៉ឺន ប៉ុន្តែក៏មានផ្ទះតម្លៃ៥ម៉ឺន ឬ៤ម៉ឺន ដូច្នេះទៅទិញ វាអត់ជាប់ពន្ធទេ”។

សម្ដេចតេជោ បានមានប្រសាន៍បន្តទៀតថា យើងធ្វើយ៉ាងនេះសំដៅចូលរួមជាមួយអ្នកធ្វើអចលនទ្រព្យដែលមានតម្លៃសមរម្យ ក៏ដូចជាអ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក ដោយមិនចាំបាច់មានការបង់ពន្ធ យើងលើកលែងពន្ធ ហើយនឹងលើកស្ទួយបញ្ហានេះ។

សេចក្តីសម្រេចទាំងអស់ខាងលើរបស់រាជរដ្ឋាភិបាល គឺជាវិធានការរយៈពេលខ្លី និងបន្ទាន់ សំដៅជួយដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ និងកម្មករ និយោជិក ដែលរងផលប៉ះពាល់នៅក្នុងសភាពការណ៍មិនអំណោយផលចំពោះមុខ ដែលជាកញ្ចប់នៃវិធានការជុំទីមួយក្នុងករណីចាំបាច់ ហើយរាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការបន្ថែមទៀតស្របទៅតាមការវិវត្តនៃសភាពការណ៍ជាក់ស្ដែង៕